Tuesday, November 13, 2018

រឿងអាកុហកស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១, ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។ ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។ មាន​កាល​មួយ​ថ្ងៃ​កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។ ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់, ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​និង​បាត់​អស់​ទៅ» ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន, ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។ ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។ លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា «ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។ ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា «ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។ បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា «វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ, ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ, ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។ ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ។ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ, លុះ​ទៅ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា «លោក​មា​អាណិត​ខ្ញុំ ៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់ » ។ ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? ។ ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម » ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ ។កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​អា​កុហក​ស៊ី ។ ក៏​ធ្វើ​និយាយ​ថា «អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ» ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា «តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។ អា​កុហក​ស៊ី​ប្រាប់​ថា​​ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តប​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច »មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អា​កុហក​ស៊ី​ចេញ​មក ។ អា​កុហក​ស៊ី​ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ជា​ឃ្លង់​ហើយ ! អា​គម្លង់​ឮ​ពាក្យ​អា​កុហក​ស៊ី​ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា​ឲ្យ​គ្នា​តម​ឃ្លង់​ផង ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ»បាន​ជា​អា​គម្លង់​ស្លាប់​ជួស ។ អា​កុហក​ស៊ី​ប្រាប់​អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ, បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេច ៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់ ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ ។ មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ ដល់​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា​អា​កុហក​ស៊ី ។ អា​គម្លង់​ខំ​អត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់ ។ ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ៗ ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក ។ អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា «អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក » ។ អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា «អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ ៗ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ​គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ ។ អា​កុហក​នោះ ដឹង​ថា​អា​កុហក​ស៊ី​មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ ។

                                                                        បន្លា​មុត យក​បន្លា​ជោះ

រឿងអាកុហកស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១, ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។ ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។ មាន​កាល​មួយ​ថ្ងៃ​កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។ ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់, ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​និង​បាត់​អស់​ទៅ» ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន, ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។ ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។ លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា «ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។ ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា «ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។ បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា «វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ, ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ, ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។ ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ។ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ, លុះ​ទៅ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា «លោក​មា​អាណិត​ខ្ញុំ ៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់ » ។ ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? ។ ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម » ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ ។
កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​អា​កុហក​ស៊ី ។ ក៏​ធ្វើ​និយាយ​ថា «អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ» ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា «តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។ អា​កុហក​ស៊ី​ប្រាប់​ថា​​ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តប​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច »មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អា​កុហក​ស៊ី​ចេញ​មក ។ អា​កុហក​ស៊ី​ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ជា​ឃ្លង់​ហើយ ! អា​គម្លង់​ឮ​ពាក្យ​អា​កុហក​ស៊ី​ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា​ឲ្យ​គ្នា​តម​ឃ្លង់​ផង ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ»បាន​ជា​អា​គម្លង់​ស្លាប់​ជួស ។ អា​កុហក​ស៊ី​ប្រាប់​អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ, បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេច ៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់ ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ ។ មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ ដល់​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា​អា​កុហក​ស៊ី ។ អា​គម្លង់​ខំ​អត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់ ។ ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ៗ ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក ។ អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា «អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក » ។ អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា «អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ ៗ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ​គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ ។ អា​កុហក​នោះ ដឹង​ថា​អា​កុហក​ស៊ី​មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ ។ បន្លា​មុត យក​បន្លា​ជោះ

រឿងមាយាស្រ្តី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។ ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​នឹង​យក​សហាយ​ធ្វើ​ប្ដី, រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ ។ ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា​ប្រពន្ធ​អញ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ ? គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា លប​ស្ដាប់​ប្រពន្ធ ។ ឯ​ប្រពន្ធ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​យក​ប្ដី​ទៀត សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឲ្យ​ស្លាប់​ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។ ប្ដី​ឮ​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សហាយ​ហើយ​បើ​ចង់​ឲ្យ​កាច់​ប្ដី​នាង​ឯង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក ស្ងោរ​ឲ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ វា​ស្លាប់​ហើយ» ។ មេ​នោះ​ឮ​ដូច្នោះ ស្មាន​ថា​អ្នកតា​បង្គាប់ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក ស្ងោរ​ទុក​ឲ្យ​ប្ដី​ស៊ី ដើម្បី​នឹង​ឲ្យ​ស្លាប់ ហើយ​នឹង​បាន​យក​សហាយ ។ លុះ​ដល់​ព្រលប់ ប្ដី​មក​ពី​ជីក​ដំឡូង ដល់​ផ្ទះ​ហើយ សូរ​ថា «គេហ៍​អើយ ! បាន​អី​ស៊ី​បាយ ?» ។មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​និង​ពងមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក» ។ ប្ដី​ថា «រៀប​បាយ​មក​ស៊ី» ។ ប្រពន្ធ​ក៏​លើក​បាយ ព្រម​ទាំង​មេ និង​ពង​មាន់​ក្រាប មក​ឲ្យ​ប្ដី​ស៊ី ។ ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ ដេក​ថ្ងូរ​ហ៊ឹ ៗ ។ មេ​នោះ អរ​ណាស់​គិត​ស្មាន​ថា ប្ដី​ឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ ត្បិត​ឮ​ថ្ងូរ ។ ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ ។ មេ​នោះ​គិត​ស្មាន​ថា​ប្ដី​ស្លាប់ ក៏​បើក​ទ្វារ​នាំ​យក​សហាយ​ចូល​ទៅ​ដេក​ជាមួយ ។ អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់» ។ ឯ​ប្រុស​សហាយ​ឃើញ​ប្ដី​មេ​នោះ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ស្ទុះ​រត់​ពុំ​ទាន់ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ ១ នៅ​ខាង​ដំណេក សម្ងំ​ចាំ​ប្ដី​នោះ​ដេក ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត ។ ប្ដី​បាន​ឃើញ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់ ឯង​ដាំ​ទឹក​ឲ្យ​គ្នា​ងូត​បន្តិច នឹង​អាល​ស្លាប់» ។ មេ​នោះ ឮ​ថា​ចង់​ស្លាប់​ដូច្នោះ អរ​ណាស់ ត្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា ។ លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន ១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ» ។ ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក ។ ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ ១ ខ្ទះ នោះ​យក​ទៅ​ស្រោច​លើ​សហាយ ដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​វិញ ធ្វើ​ជា​ថ្ងូរ​ហ៊ឹ ៗ​ទៀត ។ មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ មើល​ទៅ​ឃើញ​សហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​វា​មិន​ទាន់​ទេ» ។ អា​នោះ​ឆ្ងក់​ដដែល ។ មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ទៅ ត្រូវ​ស្លឹក​ត្រចៀក រលេះ​ជ្រុះ​ទាំង​សក់ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សហាយ​ទៅ​ហើយ ក៏​ពុំ​ស្ដី យក​គម្រប​ពាង​មក​គ្រប ហើយ​យក​ទឹក​ឲ្យ​ប្ដី​ងូត ។ ឯ​ប្ដី​ក៏​មិន​ស្ដី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា អញ​គ្រាន់​បើ​ហើយ ។ ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ ។ លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ ពុំ​ដឹង​បើ​គិត​ដូចម្ដេច និង​យក​ខ្មោច​ឲ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ មាន​ចោរ ៤ នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ សព្វ​យប់​គ្រប់​ភូមិ, ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង ៤ នាក់​នោះ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឲ្យ​បាន» គិត​ហើយ​ក៏​ដើរ​ខ្ចី សំពត់ ហូល អាវ​ព្រែ​គេ យក​មក​ហាល​ជុំវិញ​ផ្ទះ ។ ឯ​ចោរ​ទាំង ៤​នាក់​នោះ​​ឃើញ​ហើយ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ យើង​ទៅ​លប​លួច​វា​ឲ្យ​បាន​កុំ​ខាន, សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ» មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចង​រឹត​រូត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ ទុក​ឲ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ ។ ឯ​ចោរ​ទាំង ៤ នាក់ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ ប្រទះ​ឃើញ​តែ​ពាង​មួយ ចង​មាត់​ជាប់ បើក​ពុំ​រួច ។ ចោរ​ទាំង ៤ នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​វា​ដាក់​ក្នុង​ពាង​នេះ​ហើយ, បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ» ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល ។ អា​មួយ​លូក​ដៃ​ទៅ ត្រូវ​សក់​ថា «វើយ សូត្រ» ដក​ដៃ​ចេញ ។ អា​មួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា វើយ​ខ្មោច​ទេ ។ អា​មួយ មិន​ជឿ លូក​ដៃ​ទៀត ត្រូវ​ដើម​ទ្រូង ដឹង​ថា​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល​ហើយ​ខឹង​ណាស់​ថា ត្បិត​មេ​នោះ បញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង ត្រូវ​គ្នា​យើង​ចោមរោម ចាប់​វា​វាយ ឲ្យ​វា​រាង កុំ​ឲ្យ​វា​បញ្ឆោត​យើង​ទៀត ។ ជួន​ជា​ថ្ងៃ​មួយ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់ ត្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ មេ​នោះ ដើរ​ដល់​កណ្ដាល​ផ្លូវ​​ក៏​ជួប​នឹង​ចោរ​ទាំង ៤ នាក់​នោះ ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ត្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ, ដូច្នេះ​ចូរ​មក ! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ៗ ទារ​ប្រាក់​បាន ចែក​គ្នា​ចាយ​លេង »។ ចោរ​ទាំង ៤ នាក់​ឮ​ថា​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ ក៏​ចូលចិត្ត​បបួល​គ្នា​ទៅ មេ​នោះ​ផ្ដាំ​ចោរ​ទាំង ៤ នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ នៅ​លើ​ច្រាំង​ចុះ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ អ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ បាន​ប្រាក់​ហើយ» ។ មេ​នោះ និយាយ​ផ្ដាំ​ចោរ​ទាំង ៤ នាក់ ហើយ​ក៏​ចុះ​ទៅ​សំពៅ​និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង ៤ នាក់, វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះ​ន៍ ! វា​ទាំង ៤ នាក់ បើ​វា​ចុះ​មក ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឲ្យ​ជាប់​ទៅ កុំ​ឲ្យ​វា​រត់​បាន» ។ នាយ​សំពៅ​ព្រម​ហើយ​សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន ? ។ មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន» ។ នាយ​សំពៅ​ឲ្យ​មួយ​ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​មក​ក្រៅ បក់​ដៃ​ហៅ​ចោរ​ទាំង ៤ នាក់ ។ ចោរ​ទាំង ៤ នាក់​គិត​ស្មាន​ថា វា​ហៅ​ឲ្យ​ទៅ​យក​ប្រាក់ ក៏​នាំ​គ្នា​ចុះ​ទៅ, ដល់​ហើយ ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឲ្យ​ដាក់​ច្រវាក់ នៅ​បាត​សំពៅ​ទាំងអស់​គ្នា ។ មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់ ។ បាន​ប្រាក់​ហើយ មេ​នោះ ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត ក៏​ឡើង​ទៅ​ដេក លើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ ។ ឯ​ចោរ​ទាំង ៤ នាក់ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ ក៏​និយាយ​គ្នា​ថា ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ ឥឡូវ​វា​លក់​យើង​បាន​ទៀត» ។ ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ ដើរ​ឡើង​មក​លើ​គោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ ដែល​មេ​នោះ​ដេក ។ ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា ។
ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួប​នាង​នោះ នៅ​លើ​ចុង​ឈើ, អា​ចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច !» ។ មេ​នោះ​លើក​ប្រាក់​បង្ហាញ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក ! អ្នក​កុំ​ស្ដី​​កុំ​ឲ្យ​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង, ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី » ។ អា​ចោរ​ឮ​ដូច្នោះ ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយ​សារ​ព្រេង​សំណាង​យើង និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី ។ មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ, ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ ចិត្ត​មួយ​ហើយ» ។ អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ នាង​ពុំ​ដឹង​ចិត្ត​បង ចង់​ឲ្យ​បង​ស្បថ ឬ​ឲ្យ​បង​ធ្វើ​ម្ដេច ?» ។ មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា មាន​តែ​លិទ្ធ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត ហើយ​ឱន​ទៅ​រក​អា​ចោរ​នោះ ។ ឯ​អា​ចោរ​លិទ្ធ​អណ្ដាត​មេ​នោះ ហើយ​លៀន​អណ្ដាត​ឲ្យ​មេ​នោះ​លិទ្ធ​វិញ, មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ ។ ឯ​ចោរ​បី​នាក់ គិត​ស្មាន​ថា នាយ​សំពៅ​ចោម​ចាប់ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ» ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ នៅ​លើ​ចុង​ឈើ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ និយាយ​មិន​ច្បាស់ ឮ​តែ​ឡុលៗ , គ្នា​វា​គិត​ស្មាន​ថា​គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ព្រះ​អាយុ​រៀង​ខ្លួន ។ ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ យក​ប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្ដី នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ ។
                                                 
                                                 អ្នក​មាន​ប្រាជ្ញា តែង​នាំ​អាត្មា​ឲ្យ​សុខ​ចម្រើន

Monday, November 12, 2018

រឿងពាក្យសុភាសិត តម្លៃ៣០ ដម្លឹង


              កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? » ។ បុរស​នោះ​ឆ្លើយ​ថា «ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះ​ដឹង ប្រដៅ​ចៅ​ផង»។ តា​ចាស់​ឆ្លើយ​ថា តា​មាន​របៀន​បី​បទ តម្លៃ ៣០ តម្លឹង បើ​ចៅ​ឯង​កាន់​ជាប់ ចៅ​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ ពូកែ​ណាស់ » ។ បុរស​នោះ​ថា «តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​យក» តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា «ពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី » ។ បុរស​នោះ​ស្ដាប់​បាន ចូល​ចិត្ត ក៏​ប្រគល់​ប្រាក់ ៣០ តម្លឹង​ឲ្យ​តា​នោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា «បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន តា​ឲ្យ​ទទេ មិន​យក​តម្លៃ​ទេ » ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក ជួប​នឹង​សំពៅ​ឈ្មួញ​មួយ បុរស​នោះ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ហើយ​ចេះ​តែ​ជួយ​លាង ជួយ​ថែទាំ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់ នឹក​ហើយ ក៏​ស្រឡាញ់​បុរស​នោះ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ ដូចជា​កូន​ឈ្នួល​ឯ​ទៀត​ៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា «បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ» ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស សុទ្ធ​តែ​ចំណី ស្រា បាយ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។ ឯ​អ្នក​សំពៅ កាល​ដល់​វិហារ​នោះ ក៏​ចត​សំពៅ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ ពុំ​មាន​មនុស្ស ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា ខាន​តែ​បុរស​ម្នាក់​នោះ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី» ដោយ​គិត​ថា «ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន» គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។ លុះ​ដល់​ថ្ងៃត្រង់ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា «នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ» ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ រួច​ក្រឡេក​មើល​ក្រឡេមក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា «បើ​អញ​ស្រែក ក្រែង​យក្ស​ឮ​វា​ឃើញ​អញ ហើយ​វា​នឹង​ស៊ី​អញ​ទៀត» គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម ស្រែក​វ៉ាស​ឡើង យក្ស​ភ័យ​ណាស់ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ បាន​ដំបង​វាយ​ឯង​ហើយ ក៏​ដើរ​ត្រឡប់​មក​ស្រុក ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។ លុះ​ដើរ​មក​ដល់​ផ្ទះ ក្នុង​វេលា​យប់ បុរស​នោះ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ ប្រាប់​ប្រពន្ធ​ថា ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ ។ ក្រោយ​ពេល​ដែល​ប្ដី​ទៅ ប្រពន្ធ​នៅ​ផ្ទះ វា​មាន​សហាយ វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ សហាយ​នោះ វា​មក​ស្ដាប់​នៅ​ក្រោម​ផ្ទះ វា​ចង់​ដឹង​រឿង​ឆាប់ វា​ឲ្យ​មេ​ស្រី​សហាយ​វា សួរ​ថា​ ដំណើរ​ដូចម្ដេច ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា «ដេក​យប់​កុំ​និយាយ​នឹង​ស្រី » ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរ​ថា «អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ» ។ ប្ដី​ថា «បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត » ។ ប្រពន្ធ​សួរ​ថា «ឯង​នោះ​ទុក​នៅ​ឯណា ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ » ។ ប្ដី​ថា « អញ​ទុក​ក្រោម​ជណ្ដើរ យក​ថ្ម​គ្រប » ថា​ហើយ​ក៏​ដេក​លក់​ទៅ ។ សហាយ លប​ស្ដាប់​ឮ​ហើយ ក៏​ទៅ​ក្រោម​ជណ្ដើរ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ ។ លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ ឡើង​បុរស​នោះ រឭក​ពី​ដេក ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា «អញ​ប្រាប់​មិន​ជឿ អញ​ថា ខុស​គ្រូ​ហើយ ឯង​ចេះ​តែ​លួង​អញ ទាល់​តែ​អញ​ប្រាប់ ឥឡូវ​នេះ មនុស្ស​ឮ វា​លួច​យក​ដំបង​បាត់​ហើយ » ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សហាយ​លួច ក៏​មិន​ស្ដី ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ី​ៗ​រួច​ហើយ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ នាំ​ទៅ​ប្ដឹង​មេ​ស្រុក ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី គេ​ជេរ​ថា «អា​កំព្រើល ! តាំង​ពី​ដូនតា​មក នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង » គេ​គំរាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង តាំង​តែ​ពី​មេ​ស្រុក ដល់​ទៅ​លោក​យមរាជ អ្នក​រាជការ​គ្រប់​ក្រសួង គេ​ចេះ​តែ​ដេញ​ចេញ គេ​ថា មនុស្ស​ឆ្កួត គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា «មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ មាន​សំរាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា «ណ្ហើយ វិល​ទៅ​ផ្ទះ​ចុះ កាល​ណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក » ។ បុរស​នោះ​ទទួល​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស » ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។


ក្រោយ​ពេល​បុរស​នោះ​ទៅ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា ឲ្យ​ប្រាប់​បណ្ដា​រាស្ត្រ​ថា ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់ ឲ្យ​បណ្ដា​រាស្ត្រ​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ » ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្ត្រ​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ ក្នុង​ព្រះ​រាជដំណាក់ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច អស់​រាស្ត្រ​និង​នាម៉ឺន ពុំ​ដែល​មាន ទ្រង់​ប្រើ​អាមាត្យ​ម្នាក់ យក​ទៅ​ឲ្យ​បុរស​នោះ ហើយ​ប្រាប់​ថា «ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង និង​ប្រពន្ធ​អ្នក​ឯង​លាប ប៉ុន្តែ​ឲ្យ​អ្នក​ឯង​នៅ​ផ្ទះ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ» ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ បុរស​នោះ​បាន​ប្រេង ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា «ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល ឯង​យក​ទៅ​លាប ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរ​ពន់ពេក ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់ ក៏​យក​ប្រេង​ទៅ​ឲ្យ​សហាយ​លាប​ផង ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ «ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដា​រាស្ត្រ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ ប៉ុន្មាន​នាក់ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ »។ នាម៉ឺន​នោះ ក្រាប​ថ្វាយ​បង្គំ​ហើយ ទៅ​ហិត​មនុស្ស​ឯ​ទៀត មិន​ធុំ​សោះ ធុំ​តែ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែល​ឈរ​ទន្ទឹម​គ្នា លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ថ្វាយ​ស្ដេច​ៗ​ឲ្យ​លែង​រាំ​ទៅ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី មក​ដល់​ហើយ​ទ្រង់​សួរ​ថា « នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ?» បុរស​នោះ​ក្រាប​ទូល​ថា «មែន»។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ ទៅ​ប្រុស​សហាយ​នោះ​ថា ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ?» ។ សហាយ​នោះ​ក្រាប​បង្គំ​ទូល​ថា «លួច​មែន » ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក ឲ្យ​យក​សហាយ​ទាំង​ប្រុស​ស្រី​នោះ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សហាយ​នោះ​ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សហាយ​នោះ​អរ​ណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។ ឯ​បុរស​ម្ចាស់​ដំបង ថ្វាយ​ដំបង​ទៅ​ស្ដេច ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់ ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន គេ​ត្មះតិះដៀល​បុរស​នោះ ថា​ជា​មនុស្ស​ឆោត ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។ បុរស​នោះ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា «ព្រឹក​ស្អែក ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ បើ​ធ្វើ​ពុំ​ទាន់ នឹង​យក​ទោស​ដល់​ជីវិត »។ រីឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់ ហើយ​ពុំ​ធ្វើ​រទេះ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។ ថ្ងៃ​នោះ ជួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា «ចុះ​លោក​មាន​ការ​អ្វី បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ?» ។ គេ​ប្រាប់​ថា «ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ លាបលន​យ៉ាង​ល្អ ឲ្យ​ទាន់​ព្រឹក​នេះ ស្ដេច​ក្រសាល​ព្រៃ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ដឹង​ខ្លួន​ថា​ស្លាប់ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ» ។ បុរស​នោះ​ឆ្លើយ​ថា «ក្រអី​ប៉ុណ្ណឹង ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ ទាន់​ព្រឹក​នេះ» មហា​សេដ្ឋី​បាន​ឮ​ដូច្នោះ​អរ​ណាស់ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត ១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ បាន​រួច​ស្រេច​ក្នុង​យប់​នោះ ហើយ​លាបលន​យ៉ាង​ល្អ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​ទត​ឃើញ ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន មាន​តែ​កូន​ក្រមុំ ១ ល្មម​ឲ្យ​មាន​ប្ដី ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ» គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ ពេល​ផ្សំ​ដំណេក បុរស​នោះ គិត​ល្បង​ចិត្ត​ប្រពន្ធ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កម្អួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា «លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ» ។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ ក៏​ឃាត់​ថា «កូន​ដេក​ទៅ កុំ​និយាយ ត្បិត​ប្ដី​កំពុង​ស្រវឹង ហើយ​គេ​មាន​គុណ​ផង»ឃាត់​ដូចម្ដេច ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា «បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ» ។ លុះ​ព្រឹក​ឡើង បុរស​នោះ​រលឹក​ពី​ដេក ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ ប្រាប់​ថា «មិន​ព្រម​យក​ទេ» ហើយ​ថា មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា ក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ ។ បុរស​នោះ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ​ស្លាប់​អស់​ជា​ច្រើន ។ នៅ​ថ្ងៃ​ដែល​បុរស​នោះ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ចៅហ៊្វា​នោះ ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា «លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន ហើយ​ហេតុ​ដូចម្ដេច ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ» ។ គេ​ប្រាប់​ថា​លោក លោក​ត្រូវ​ទៅ​ដេក​វេន ថ្វាយ​ស្ដេច​កាប់​ក្នុង​ពេល​ល្ងាច​នេះ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់» ។ បុរស​នោះ​ថា «ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស» ។ គេ​ឮ​ដូច្នោះ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា «បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក» ។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់ យក​មក​ពាក់ រួច​ហើយ​ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច ពេល​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះ​ខ័ន យាង​ចូល​មក​និង​កាប់​បុរស​នោះ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា «នរណា​ចូល​មក​ទាំង​យប់​នោះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ» ថា​ហើយ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «ទេ​​អញ​ទេ» ។ «នរណា​អញ​ទេ​ៗ ! អញ​ជា​ស្ដេច» ។ «ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ» ។ សួរ​ដេញ​ដោល​ដូច្នោះ​ហើយ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរ​ថា «ចៅ​នៅ​ឯណា!»។ បុរស​នោះ​ថា «ខ្ញុំ​នៅ​ផ្ទះ​ចៅហ៊្វា» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង បុរស​នោះ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា «បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ» ។ ចៅហ៊្វា​សួរ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា «ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្ដេច​ទ្រង់​កាប់ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?» ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា ។ ចៅហ៊្វា​នោះ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ ដោយ​គិត​ថា បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់ ។ លុះ​ព្រឹក​ឡើង ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ ។ វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង មាន​តែ​ព្រះ​រាជធីតា​មួយ​អង្គ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ ។ 

                            ពាក្យ​ពិត​មិន​ចេះ​ស្លាប់

រឿងគងហ៊ាន


កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ ស៊ី​តែ​រឿយៗ ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ » ។ អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក ។ អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា​ក្របី​គោ ស៊ី​ច្រើន​ណាស់​ហើយ» ។ ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន» ។ អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល ។ ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា « គង់ហ៊ាន» តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់ ។ រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗ ក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម ។ លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង ។ គង់ហ៊ាន ឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ ។ ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ? ។ គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង, លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង, យក​ទាំង​ប្រពន្ធ​ទៅ​ផង ។ គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី ។ ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅ មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។


ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។ គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ ឲ្យ​អស់​នាហ្មឺន​និង​រេហ៍ពល​កោត​ខ្លាច ។ អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ ?» ។ គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ ? »   អស់​នាហ្មឺន​និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច, អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់ ។ ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ។ ស្ដេច​ទ្រង់​ជ្រាប​ថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន ។ តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ាន រឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត ។ លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរ​ងូត​សោះ ។ អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗ ទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ ។ ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។ គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់, ម្ដង​នេះ​ឃើញ​ជា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន, ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច ? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ » គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ ។ អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច ។ គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​គង់ហ៊ាន​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក ។ គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក ។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ ទាំង​រង្វាន់​ជា​ច្រើន ។



                                                       សំណាប​យោង​ដី​ ស្រី​យោង​ប្រុស

រឿងពស់កេងកង


កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។ មាន​និទាន​ថា : កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ, ប្រពន្ធ​ឈ្មោះ​នាង​នី​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង ។ ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស ។ ឯ​នាង​នី​ឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ផង លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់ ។ នាង​នី​មើល​ទៅ​ឃើញ​ដឹង​និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ប្រពន្ធ​អញ​ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ» ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ » ។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក ។ នាង​នី​ផ្ដាំ​ថា «ដល់​ល្ងាច សឹម​ឲ្យ​មេ​អេត​មក​ហៅ » ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត ។ លុះ​ដល់​ព្រលប់​នាង​នី ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់ ហៅ​ថា «ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! » ។ ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក ។ នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ ។ ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មក​ម្ដងៗ » ។ ពស់​កេងកង​សួរ​ថា «ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ទៀត​នឹង​មក​ដល់ ?» នាង​នី​ឆ្លើយ​ថា«មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​មក​ដល់​ទេ» ពស់​កេងកង​និង​នាង​នី ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្ដាំ​ថា «បើ​ប្ដី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក, បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង ។ មួយ​ទៀត ខឹង​ក្នុង​ចិត្ត ត្បិត​ម្ដាយ​សហាយ​នឹង​ពស់ ។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ» ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា «អេត​អើយ! ថា​អញ​មិន​ទៅ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់» នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់» ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វ​ថ្ងៃ ។ នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម ។ លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ​នឹក​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន ។ នាង​អេត​ប្រាប់​ឪពុក​ថា «ម៉ែ​គាត់​សហាយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង» ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ ! នាង​នី​ឲ្យ​ហៅ » ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត​អេត​អើយ ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់» ។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់» ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្ដាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី» ។

ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់ ។ ឯ​នាង​នី​ពុំ​បាន​ដឹង​ជា​ប្ដី​កាប់​ពស់​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មី​អេត !» ។ នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក » ។ នាង​នី​គិត​ស្មាន​ថា​សាច់​ជ្រូក​មែន ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ ។ កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា « កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង » ។ នាង​នី​កំពុង​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ។ ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា « ហេតុ​ដូចម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក ? » ។ នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្ដៅ សម្ល​ក្ដៅ​រឭក​កូនចៅ រលោង​ទឹក​ភ្នែក »។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា «កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង ក្បាល​ដាក់​លើ​ដើម​ពុទ្រា កន្ទុយ​ដាក់​លើ​ស្កាក» ។ នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ ។ ឯ​ប្ដី​នាង​នី​ដឹង​ថា​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន ។ ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ ជិត​នឹង​សម្រាល​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង» ។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា​ប្ដី​សម្លាប់ ស្មាន​ថា​ប្ដី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ ។ លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ ប្ដី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ» ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ប្ដី​គិត​សម្លាប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង ។ ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក ។ ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង មក​ដល់​ឥឡូវ​នេះ ។

រឿងចចក

កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វា​ដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់ មាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ?» ។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា» ។ ចចក​ថា «ដូចម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉េះ?»។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ»។ ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។ កំពឹស​ថា «ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។
ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ តូច ដំរី រមាស​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក​?» កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯ​ណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។ បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ នឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា «ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។ អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ៗ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​រ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។ តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។